ថៃប្រកាសបិទរថយន្តខ្មែរដែលចូលទៅផ្សាររោងក្លឿមួយថ្ងៃ៥០គ្រឿង និងអ្នករួមដំណើរចំនួន១០០នាក់ ចាប់ពីថ្ងៃទី១០ ខែមករាខាងមុខនេះ ដើម្បីបង្ការ និងទប់ស្គាត់ជំងឺឆ្លងកូវីដ១៩
ខេត្តបន្ទាយមានជ័យ៖ដោយសារតែប្រទេសថៃកំពុងតែផ្ទុះឡើង និងរីករាលដាលនូវជំងឺឆ្លងកូវីដ១៩ នៅក្នុងសហគម រហូតបន្តប្រកាសដាក់ប្រទសក្នុងគ្រាអាសន្ននោះ អាជ្ញាធរខេត្តស្រះកែវ ប្រទេសថៃ បានស្នើសុំមកភាគីកម្ពុជាយើង បិទរថយន្តរបស់អាជីវករខ្មែរដែលលក់ដូរនៅផ្សាររោងក្លឿ ដែលចូលពេលព្រឹក ចេញពេលរសៀល ក្នុងមួយថ្ងៃ៥០រថយន្ត និងមនុស្សធ្វើដំណើរទៅជាមួយ ក្នុងមួយរថយន្ត២នាក់ សរុបទាំង៥០រថយន្តចំនួន១០០នាក់ក្នុងមួយថ្ងៃ ដើម្បីចូលទៅដឹកអីវ៉ាន់ចេញ និងពិនិត្យអីវ៉ាន់របស់ខ្លួននោះ ចាប់ពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ ខាងមុខនេះ ដើម្បីបង្ការ និងទប់ស្គាត់ការរីរាលដាលនូវជំងឺកូវីដ១៩។នេះបើតាមការបញ្ជាក់ពីឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ កាលពីព្រឹកថ្ងែទី០៦ ខែមករា ឆ្នាំ២០២១ ក្នុងឱកាសដែរឯកឧត្តមអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាល និងចែកអំណោយរបស់អង្គការសម្ព័ន្ធឥស្លាមពិភពលោក ផ្តល់ជូនប្រជាពលរដ្ឋខ្មែរ និងខ្មែរឥស្លាមចំនួន៤៧៩គ្រួសារ មកពី៩ភូមិ ក្នុងក្រុងប៉ោយប៉ែត តាមរយះឯកឧត្តមឧកញ៉ាបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ជាសមាជិកឧត្តមក្រុមប្រឹក្សាជាន់ខ្ពស់របស់អង្គការសម្ព័ន្ធពិភពឥស្លាម RABITA និងជាប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា។
ឯកឧត្តមអភិបាលខេត្តបញ្ចាក់ថា ប្រជាពលរដ្ឋខ្មែរដែលចូលពេលព្រឹក ចេញពេលរសៀលជាមួយរថយន្តខាងលើនេះ បានត្រឹមតែពិនិត្យវាស់កំដៅតែប៉ុណ្ណោះ ដូច្នេះភាគីថៃបានស្នើមករដ្ឋបាលខេត្តបន្ទាយមានជ័យសុំផ្អាក ជៀសវាងការឆ្លងក្នុងសហគម។ដោយឡែកអ្នកដែលកំពុងតែលក់ដូរនៅក្នុងផ្សាររោងក្លឿ មិនចាំបាច់វិលត្រលប់មកវិញនោះទេ តែបើចូលមកហើយចង់វិលទៅលក់ដូរវិញត្រូវធ្វើចត្តាឡីស័ក្ករយះពេល១៤ថ្ងៃសិននៅទឹកដីរបស់គេ។
គួរម្លឹកដែរថា រថយន្ត៥០គ្រឿង និងអ្នករួមដំណើរសរុប១០០នាក់ក្នុងមួយថ្ងៃ ដែលថៃអនុញ្ញាតិឲ្យចេញចូលកន្លងមកនេះ បន្ទាប់ពីមានការសម្របសម្រួលគ្នារវាងអាជ្ញាធរខេត្តស្រះកែវ ប្រទេសថៃ និងខេត្តបន្ទាយមានជ័យ ប្រទេសកម្ពុជាកន្លងមក ខណៈដែលនៅបណ្តាលប្រទេសមួយចំនួនផ្ទុះឡើងនូវជំងឺឆ្លងកូវីដ១៩ រហូតភាគីថៃសុំបិទព្រំដែនរយះពេលវែងនោះ៕