នារីបុគ្គលិក«Thai Airways»លោតសម្លាប់ខ្លួន ក្រោយអត់ការងារ រកប្រាក់សងបំណុលគេមិនបាន
បរទេស៖ នារីអាយុ២៤ឆ្នាំបម្រើការនៅក្រុមហ៊ុនអាកាសចរណ៍«Thai Airways» ម្នាក់នៅព្រលានយន្តហោះសុវណ្ណភូមិ បានលោតសម្លាប់ខ្លួនពីខុនដូ បណ្តាលឲ្យស្លាប់ភ្លាម នៅចំពោះមុខឪពុក ដោយសារតែនាងគ្មានការងារធ្វើរកប្រាក់សងបំណុលគេមិនបាន។
បណ្តាញសារព័ត៌មានប្រទេសថៃ បានផ្សាយថា ថ្ងៃកើតហេតុ ឪពុករបស់នាង(នារីរងគ្រោះ)បានមកតាមរកនាងដល់បន្ទប់ ព្រោះមិនទាក់ទងកូនស្រីបានច្រើនថ្ងៃហើយ។ ពេលបុរសជាឪពុកបានមកដល់មុខបន្ទប់បានស្រែកហៅកូនស្រី តែនាងមិនឆ្លើយតប និងបើកទ្វារឲ្យឪពុកចូលទេ បែរជានាងលោតតាមបង្អួចចុះមកដី បណ្តាលឲ្យស្លាប់ភ្លាម។
ក្រោយកើតហេតុ សមត្ថកិច្ចថៃ បានចុះពិនិត្យសពនារីរងគ្រោះ និងបានរកឃើញសំបុត្រជំពាក់លុយគេចំនួន៥០០០បាត នៅក្នុងបន្ទប់នារីរងគ្រោះ ទើបសមត្ថកិច្ចបានសន្និដ្ឋានថា នារីរងគ្រោះពិតជាធ្វើអត្តឃាតមែន ។ សពនារីរងគ្រោះ សមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕